យើង អិន វ៉ានវិបុល ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៥ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកចុងចម្លើយឈ្មោះ ឃ្វិច ព្រឿន ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្នភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៃសំណុំរឿងរដ្ឋប្បវេណីលេខ ៥០៧ ចុះថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យបានជ្រាបថា ខណៈពេលសាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍លើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលដំណឹងតាមការសរសេរបញ្ជាក់របស់មេធាវី ស៊ូ សីហា ជាអ្នកតំណាងដោយអាណត្តិឱ្យចុងចម្លើយឈ្មោះ ឃ្វិច ព្រឿន តាមពាក្យសុំផ្អាកនីតិវិធីនៃបណ្តឹង និងប្រកាសជាសាធារណៈស្វែងរកអ្នកបន្តនីតិវិធី មានន័យថា កូនក្តីខ្លួនបានទទួលមរណៈភាពហើយ។
អាស្រ័យហេតុនេះ សូមបុគ្គលដែលពាក់ព័ន្ធផលប្រយោជន៍ និងសហសន្តតិជន ត្រូវជាទាយាទរបស់សពឈ្មោះ ឃ្វិច ព្រឿន សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានមុនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីទទួលបន្តនីតិវិធី។





