ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងប្រកបដោយមហាមង្គលដ៏ថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងគម្រប់ព្រះជន្ម ៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា។
ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងព្រះរាជពិធីអាយុវឌ្ឍនមង្គល ដ៏ឧត្តុង្គឧត្តមបំផុតនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទថ្វាយនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចព្រះមហាក្សត្រី ដែលព្រះអង្គតែងលះបង់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម លើវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខមាលភាព ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងប្រជារាស្រ្តជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ។ សូមព្រះអង្គទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេស និងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។