កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នាសាលប្រជុំសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហាការទប់ស្កាត់ ការធ្វើចរាចរណ៍ផលិតផលសុខាភិបាលខុសច្បាប់ តាមការស្នើសុំរបស់ក្រសួងសុខាភិបាល ដោយមានការដឹកនាំពី ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួងសុខាភិបាល, តំណាងក្រសួងយុត្តិធម៌, តំណាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម, តំណាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, អគ្គព្រះរាជអាជ្ញារង, ព្រះរាជអាជ្ញា មន្ត្រីរាជការនៃសាលាឧទ្ធរណ៍ភ្នំពេញ អ្នកច្បាប់ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុក សាវុធ បានជំរុញដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរថែមទៀត ពាក់ព័ន្ធនឹងការបង្ក្រាបផលិតផលសុខាភិបាលក្លែងក្លាយ ដើម្បីលើកស្ទួយសុខភាព និងសុវត្ថិភាពសាធារណៈ របស់ប្រជាពលរដ្ឋយើង៕