កិច្ចប្រជុំស្ដីពី "វឌ្ឍនភាពការងារឆមាសទី១ ចំណាត់ការរឿងក្ដី បញ្ហាប្រឈម និងបច្ចេកទេស" របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
កិច្ចប្រជុំស្ដីពី "វឌ្ឍនភាពការងារឆមាសទី១ ចំណាត់ការរឿងក្ដី បញ្ហាប្រឈម និងបច្ចេកទេស" របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ
===============
នៅរសៀលថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦, សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំកិច្ចប្រជុំស្ដីពី "វឌ្ឍនភាពការងារឆមាសទី១ ចំណាត់ការរឿងក្ដី បញ្ហាប្រឈម និងបច្ចេកទេស" ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ចៅក្រម ព្រះរាជអាជ្ញា នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានផ្សព្វផ្សាយអំពី "លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ" កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ ។
ផ្អែកតាមលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងវឌ្ឍនភាពការងារឆមាសទី១ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានមតិណែនាំដល់ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការងារដូចខាងក្រោម៖
១-សំណុំរឿងអាទិភាព និងផលិតភាព
២-លិខិតអន្តរាគមន៍របស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ ក្រសួងយុត្តិធម៌
៣-សំណុំរឿងចាស់មុនឆ្នាំ២០២០
៤-សំណុំរឿងរដ្ឋប្បវេណី (ថយទៅនីតិវិធីត្រៀមទាញហេតុផលដោយផ្ទាល់មាត់)
៥-សំណុំរឿងមជ្ឈត្តការ (ក្នុងប្រទេស និងក្រៅប្រទេស)
៦-សំណុំរឿងស្រូបទោស
៧-សំណុំរឿងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន
៨-សាលដីកាកំបាំងមុខ
៩-សំណុំរឿងដែលមានជនរងគ្រោះជាជនជាតិចិន និងជនល្មើសជាជនជាតិចិន
១០-សំណុំរឿងសន្តិសុខសង្គម និងសំណុំរឿងពាក់ព័ន្ធអំពើពុករលួយ
១១-ការប្រើប្រាស់រូបមន្តនៃសេចក្តីសម្រេច
១២-បញ្ហាផ្សេងៗ
ជាចុងក្រោយ ឯកឧត្តមប្រធាន ក៏បានផ្ដាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវសេចក្ដីថ្លៃថ្នូរ គោរពវិន័យ គោរពបទបញ្ជាផ្ទៃក្នុង និងអនុវត្តឱ្យបានម៉ឹងម៉ាត់នូវ ក្រមសីលធម៌វិជ្ជាជីវៈ ដែលមានចែងក្នុងច្បាប់ ដេីម្បីធានាឱ្យបាននូវកិត្យានុភាពស្ថាប័ន អង្គចៅក្រម និងទទួលបាននូវទំនុកចិត្តថែមទៀតពីប្រជាពលរដ្ឋ។









