យើង ព្រំ ភឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៧ នៃសភារដ្ឋប្បវេណីសាលាឧទ្ធរណ៍ភ្នំពេញ សូមជូនដំណឹងមកដើមចោទឈ្មោះ ផេង គួយ ភេទស្រី អាយុ៧៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានមេធាវី ផុន សុភ័ស្ត តំណាងដោយអាណត្តិឱ្យដើមចោទ និងចុងចម្លើយឈ្មោះ ជា មុំនាង ភេទស្រី អាយុ៣៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានមេធាវី អ៊ឹម ម៉ាច តំណាងដោយអាណត្តិឱ្យចុងចម្លើយ នៃសំណុំរឿងរដ្ឋប្បវេណីលេខ ២៣៩ ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ ឱ្យបានជ្រាបថា សាលាឧទ្ធរណ៍ភ្នំពេញកំពុងចាត់ការលើបណ្តឹងឧទ្ធរណ៍របស់ដើមចោទឈ្មោះ ផេង គួយ ខាងលើ។ ខណៈពេលកំពុងដំណើរការនីតិវិធីលើសំណុំរឿងខាងលើ ក្រុមប្រឹក្សាជំនុំជម្រះបានទទួលសេចក្តីចម្លងសំបុត្រមរណភាពលេខ ១៧ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ របស់មន្ត្រីអត្រានុកូលដ្ឋានឈ្មោះ ជិង ថុល បានបញ្ជាក់ថា ឈ្មោះ គួយ ផេង ភេទស្រី កើតថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤៣ បានទទួលមរណៈភាពកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ហើយ។
អាស្រ័យហេតុនេះ ប្រសិនបើមានបុគ្គលណាដែលមានផលប្រយោជន៍ ត្រូវជាទាយាទរបស់សពឈ្មោះ គួយ ផេង សូមដាក់ពាក្យសុំបន្តនីតិវិធីនៃបណ្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីទទួលបន្តនីតិវិធី។