ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តមអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម សេង សុីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ។

ក្នុងនោះក៏មានការចូលរួមពី លោកជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ទីប្រឹក្សា និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ និងលោក ឯក ឈាងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លេខាធិការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ, មានគោលបំណងធំៗ៣គឺ ទី១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងស្ថាប័នតុលាការ-អយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌, ទី២៖ ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើស និងការកសាងសំណុំរឿងទៅតុលាការ និងទី៣៖ ដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធីច្បាប់។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម សេង សុីវុត្ថា បានលើកឡើងថា ក្នុងកិច្ចប្រជុំនេះបណ្តាលមកពី កត្តាសន្តិភាព និងស្ថានភាពកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងសម្តែងនូវការកោតសសើរជូនចំពោះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការខេត្តតាកែវ ទាំងអស់ដែលបានរួមសហការគ្នា អនុវត្តការងារបានល្អប្រសើរប្រកបដោយជោគជ័យជូនជាតិ និងប្រជាជន ពិសេសប្រជាជនខេត្តតាកែវ ទាំងមូលប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមក៏បានលើកឡើងអំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ទាំងខ្លឹមសារច្បាប់ ទាំងបច្ចេកទេស និងឥរិយាបថរបស់អ្នកអនុវត្តច្បាប់។ លោកគូសបញ្ជាក់ថា នគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការ ជាស្ថាប័នជាតិដែលមានបន្ទុកទទួលខុសត្រូវវិស័យយុត្តិធម៌ និងការផ្តល់សេវាយុត្តិធម៌ឆាប់រហ័សជូនប្រជាពលរដ្ឋ ដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ដើម្បីសម្រេចជោគជ័យ និងទទួលបានការគាំទ្រ ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើស្ថាប័នអនុវត្តច្បាប់។

ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមជាអ្នកអនុវត្តច្បាប់ «យល់ត្រូវ អនុវត្តត្រូវ ជាប្រយោជន៍ដល់ភាគី និងទទួលបានយុត្តិធម៌ បើយល់ខុស អនុវត្តខុស ភាគីទទួលបានអយុត្តិធម៌»។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ និងជៀសវាងកង្វះការចាត់ចែង ក្នុងពេលបំពេញកិច្ចរបស់ខ្លួន។

ឯកឧត្តម សេង សុីវុត្ថា បានណែនាំ និងផ្តាំផ្ញើដល់សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តតាកែវ និងមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់គ្រប់ផ្នែកនិងជំនាញ នូវ៥ចំណុចសំខាន់ៗមួយចំនួន រួមមាន៖

   -ទី១៖ មន្ត្រីនគរបាលយុត្តិធម៌ និងតុលាការត្រូវសហការគ្នាក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធិភាព នៃការបង្ក្រាបបទល្មើសឲ្យទាន់សភាពការណ៍ជាក់ស្តែង
   -ទី២៖ ត្រូវពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិច្បាប់ដោយគោរព វិន័យ ក្រមសីលធម៌ ប្រកាន់យកសុគតិធម៌ទាំង៥ ជៀសវាងអគតិទាំង៤ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ឲ្យស័ក្តិសមជាមន្ត្រីល្អ បម្រើរាស្ត្រដោយសុចរិត យុត្តិធម៌
   -ទី៣៖ ត្រូវពង្រឹងកិច្ចពិគ្រោះយោបល់គ្នា រវាងមន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ និងតុលាការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌
   -ទី៤៖ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ប្រកបដោយសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់
   -ទី៥៖ ត្រូវលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងត្រូវជៀសវាងមោទនភាពហួសហេតុ។

ក្នុងនោះដែរ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា បានណែនាំដល់ អាជ្ញាធរតុលាការ និងមន្រ្តីនគរបាលយុត្តិធម៌ យកចិត្តទុកដាក់ខ្ពស់ ជាមួយសំណុំរឿងអនីតិជន ដោយអនុវត្តឲ្យស្របតាមនីតិវិធីកុមារមេត្រី និងស្របតាមច្បាប់ជាធរមាន ជាពិសេសយកចិត្តទុកដាក់ការបង្ក្រាបលើបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានខេត្តតាកែវ។

នៅឱកាសក្នុងកិច្ចប្រជុំនេះ សមាជិកសមាជិការ នៃអង្គប្រជុំទាំងមូល បានលើកឡើងជា សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តច្បាប់យ៉ាងផុសផុល ហើយគណៈអធិបតី បានពន្យល់ បកស្រាយ និងដោះស្រាយជូនអង្គប្រជុំទាំងមូលបានជោគជ័យ ប្រកបដោយស្មារតីសាមគ្គី និងការទទួលខុសត្រូវខ្ពស់៕