សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប"
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប" ក្រោមអធិបតីភាព ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ និងលោកជំទាវ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញារង, ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អគ្គលេខាធិការ, ទីប្រឹក្សាអមក្រសួងយុត្តិធម៌, អគ្គលេខាធិការរង, ប្រធាននាយកដ្ឋាន, អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ មន្រ្តីរដ្ឋបាល មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
ខួបអនុស្សាវរីយលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប" មានគោលបំណងរំលេចនូវអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីឆ្លុះបញ្ជាំង និងបង្ហាញថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងស្រ្តី និងក្មេងស្រី បាននឹងកំពុងទទួលបាន និងអនុវត្តសិទ្ធិ ដោយសមភាព មានសមត្ថភាពនិងឆន្ទៈខ្ពស់ សំដៅចូលរួមកសាងកម្ពុជា ដែលមានភាពរឹងមាំ ធន់ បរិយាបន្ន និងប្រកបដោយបុរេសកម្ម ស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។
ថ្លែងក្នុងពិធីនេះ, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា ទិវាអន្តរជាតិនារី ៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងរំឮកពីវីរភាពនៃការតស៊ូ របស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិ ស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន បានសម្តែងនូវការកោតសរសើរ និងរំលេចពីតម្លៃក្នុងការចូលរួមរបស់ស្រ្តីមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសន្តិភាព ស្រ្តីបានចូលរួមយ៉ាងសកម្មក្នុងគ្រប់សកម្មភាពដើម្បីពន្លឿននូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យយុត្តិធម៌។
ក្នុងឱកាសដែរនេះ, ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្រគល់បាច់ផ្កាជូន លោកជំទាវជាឧត្តមភរិយា ព្រមទាំងជូននូវ ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយដល់ស្រ្តីជាថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកហាត់ការនារី ផងដែរ។