ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្ដីពី
នៅព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ " នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោក ជា អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា និង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លេខាធិការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ឯកឧត្តម លោក លោកស្រី ស្នងការ ស្នងការរង, មេបញ្ជាការ មេបញ្ជាការរង, ប្រធានមណ្ឌលអប់រំកែប្រែទី១ ប្រធានមណ្ឌលអប់រំកែប្រែទី២ ប្រធានពន្ធនាគាររាជធានីភ្នំពេញ, អធិការ និងលោក លោកស្រី ជាមន្រ្តីនៃមន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ សរុបចំនួន ១១៦នាក់។
ក្នុងកិច្ចប្រជុំនេះ, មានគោលបំណង
(១)ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងស្ថាប័នតុលាការ-អយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌។
(២)ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើសនិងការកសាងសំណុំរឿងទៅតុលាការ។
(៣)ដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធីច្បាប់។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថាយើងបានជួបជុំគ្នាក្នុងកិច្ចប្រជុំនេះបណ្តាលមកពី កត្តាសន្តិភាព និងស្ថានភាពកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងសម្តែងនូវការកោតសសើរជូនចំពោះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការរាជធានីភ្នំពេញទាំងអស់ដែលបានរួមសហការគ្នា អនុវត្តការងារបានល្អប្រសើរប្រកបដោយជោគជ័យជូនជាតិ និងប្រជាជន ពិសេសប្រជាជនក្នុងរាជធានីភ្នំពេញទាំងមូលប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមប្រធានក៏បានលើកឡើងអំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ទាំងខ្លឹមសារច្បាប់ ទាំងបច្ចេកទេស និងឥរិយាបថរបស់អ្នកអនុវត្តច្បាប់ ជូនដល់អង្គប្រជុំ។
ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថានគរបាលយុត្តិធម៌និងអាជ្ញាធរតុលាការ ជាស្ថាប័នជាតិដែលមានបន្ទុកទទួលខុសត្រូវវិស័យយុត្តិធម៌ និងការផ្តល់សេវាយុត្តិធម៌ឆាប់រហ័សជូនប្រជាពលរដ្ឋដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ដើម្បីសម្រេចជោគជ័យ និងទទួលបានការគាំទ្រ ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើស្ថាប័នអនុវត្តច្បាប់។
ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានណែនាំដល់ ស្ថាប័នតុលាការ-អយ្យការ និងមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យឲ្យបានហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ លើចំណាត់ការមន្រ្តីនគរបាលយុត្តិធម៌, ការចោទប្រកាន់, ការស៊ើបសួរ ជៀសវាងកង្វះការចាត់ចែង ក្នុងពេលបំពេញកិច្ចរបស់ខ្លួន នាំឲ្យមានការមោឃភាព, ត្រូវយកចិត្តទុកដាក់ក្នុងអនុវត្ត ការបង្ក្រាបបទល្មើស ជាពិសេសបទល្មើសទាក់ទងជាមួយអនីតិជន ត្រូវស្រាវជ្រាវអំពីសាវតាជាតិឲ្យបានច្បាស់លាស់ និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់, និងត្រូវយកចិត្តទុកដាក់ ខិតខំសិក្សាស្វែងយល់អំពីខ្លឹមសារច្បាប់បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការអនុវត្ត ជៀសវាងការយល់ឃើញលើខ្លឹមសារច្បាប់ផ្សេងគ្នា នាំឲ្យការអនុវត្ត ការសម្រេចសេចក្ដីផ្សេងគ្នា ជាហេតុធ្វើឲ្យបាត់បង់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ក្នុងនោះដែរ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានមានប្រសាសន៍ ណែនាំដល់ ស្ថាប័នតុលាការ-អយ្យការ និងមន្រ្តីនគរបាលយុត្តិធម៌ យកចិត្តទុកដាក់ លើការស៊ើបអង្គេតសំណុំរឿងក្តីនីមួយៗ ត្រូវចុះដល់ទីកន្លែងកន្លែងកើតហេតុ និងពិនិត្យវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយឡែកការបង្រា្កបផលិតផលក្លែងក្លាយ ត្រូវស៊ើបអង្គេតឲ្យបានម៉ត់ចត់ មុនចុះបង្រ្កាប និងបិទទីតាំងអាជីវកម្ម ជៀសវាងប៉ះពាល់ផលប្រយោជន៍ និងជីវភាព របស់ប្រជាជន។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន បានមានមតិផ្តាំផ្ញើ ៥ចំណុចដូចខាងក្រោម:
១-មន្ត្រីនគរបាលយុត្តិធម៌និងតុលាការត្រូវសហការគ្នាក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើសឲ្យទាន់សភាពការណ៍ជាក់ស្តែង។
២-ត្រូវពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិច្បាប់ដោយគោរព វិន័យ ក្រមសីលធម៌ ប្រកាន់យកសុគតិធម៌ទាំង៥ ជៀសវាងអគតិទាំង៤ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ឲ្យស័ក្តិសមជាមន្ត្រីល្អ បម្រើរាស្ត្រដោយសុចរិត យុត្តិធម៌។
៣-ត្រូវពង្រឹងកិច្ចពិគ្រោះយោបល់គ្នា រវាងមន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការនិងតុលាការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌។
៤-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ប្រកបដោយសាមគ្គីភាពនិងការទទួលខុសត្រូវខ្ពស់។
៥-ត្រូវលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគិតផលប្រយោជន៍ជាតិនិងប្រជាជនជាធំ និងត្រូវជៀសវាងមោទនភាពហួសហេតុ។
ក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិការ នៃអង្គប្រជុំទាំងមូល បានលើកឡើងជា សំណួរ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តច្បាប់យ៉ាងផុសផុល។ ក្នុងនោះដែរ ឯកឧត្តមគណៈអធិបតី បានពន្យល់ បកស្រាយ និងដោះស្រាយជូនអង្គប្រជុំទាំងមូលបានជោគជ័យ ប្រកបដោយស្មារតីសាមគ្គីនិងការទទួលខុសត្រូវខ្ពស់។