ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស” .......
ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស” នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង
======================

នៅព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស” នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមប្រធានប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា និងលោក លោកស្រី អនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការ ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំ ព្រមទាំងឯកឧត្តម លោក លោកស្រី តំណាងស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងលោក លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរជំនាញជុំវិញខេត្តកំពង់ឆ្នាំង សរុបចំនួន ១៥០នាក់។
ក្នុងកិច្ចប្រជុំស្ដីពី “ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស” ឯកឧត្តមគណៈអធិបតី បានមានមតិសំណេះសំណាល និងណែនាំដូចខាងក្រោម៖
ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីការពារសុខសុវត្ថិភាព ស្ថេរភាពសង្គម និងយុត្តិធម៌សង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានណែនាំមន្ត្រីនគរយុត្តិធម៌ទាំងអស់ឱ្យយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើកំណត់ហេតុរបស់ខ្លួន ព្រោះកំណត់ហេតុរបស់មន្រ្តីនគរបាលយុត្តិធម៌ជាឯកសារដែលស្ថាប័នអយ្យការ និងតុលាការជឿជាក់ដំបូងគេដែលនាំឱ្យឈានដល់ការសម្រេចសេចក្ដីចុងក្រោយ។
ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍លទ្ធផលការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឯកឧត្តមប្រធាន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានអនុវត្តការងារសម្រេចលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ សមិទ្ធិផលទាំងនេះ កើតចេញមកពីកម្លាំងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អរវាងស្ថាបន័តុលាការ អាជ្ញាធរដែនដីនិងមន្រ្តីនគរបាលយុត្តិធម៍គ្រប់ផ្នែក គ្រប់ជំនាញ។

ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានលើកឡើងអំពី (១)ការកែទម្រង់វិស័យយុត្តិធម៌ ដែលជាចក្ខុវិស័យចម្បង និងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ដំណើរការដ៏ល្អ នៃការជំនុំជម្រះរឿងក្ដី ស្របតាមគោលការណ៍យុត្តិធម៌ នីតិរដ្ឋ និងការគោរពសិទ្ធិ សេរីភាពបុគ្គលដែលមានចែងក្នុងច្បាប់ និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌។
(២)យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដី ដែលបានដាក់ចេញដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាំងពីឆ្នាំ២០២៤ ដែលជាយុទ្ធនាការនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ ឆាប់រហ័ស ដោយគ្មានអំពើពុករលួយ ពិសេសសំណុំរឿងគ្រឿងញៀន សំណុំរឿងបទល្មើសចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
(៣) ករណីស្រូបទោស ដែលត្រូវពិនិត្យដោយហ្មត់ចត់ ពិសេសករណីបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។
ជាមួយគ្នានេះ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បន្តសហការការងារជាមួយអាជ្ញាធរដែនដី និងមន្ត្រីនរបាលយុត្តិធម៌ ទាំងអស់ឱ្យបានល្អប្រសើរ រឹងមាំ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនតាមរយៈការអនុវត្តច្បាប់ ការទប់ស្កាត់និងការបង្ក្រាបបទល្មើសឱ្យទាន់សភាពការណ៍ជាក់ស្តែង ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ។
ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍បន្ថែមថា ចៅក្រម ព្រះរាជអាជ្ញា នគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវគោរពនិងចងចាំនូវអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់” ហើយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី គឺ “សម្អាតផ្ទះយើង” រួមទាំងការបង្កើនសមត្ថភាព និងដកពិសោធន៍ដើម្បីបំពេញការងារឱ្យបានត្រឹមត្រូវ យុត្តិធម៌ ជូនជាតិនិងប្រជាជន ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានគូសបញ្ជាក់បន្ថែមថា តុលាការ អាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ត្រូវស្ថិតនៅលើទូកតែមួយ ទើបអនុវត្តការងារបានជោគជ័យ។ បើមិនដូច្នេះទេ គឺបរាជ័យ។ បរាជ័យ មាននយ័ថា គ្រោះថ្នាក់។ គ្រោះថ្នាក់ ត្រូវតែកែសម្រួល និងវះកាត់។






