សាលាឧទ្ធរណ៍ភ្នំពេញ ទទួលដំណើរទស្សនកិច្ចសិក្សារបស់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន៥០០នាក់
សាលាឧទ្ធរណ៍ភ្នំពេញ ទទួលដំណើរទស្សនកិច្ចសិក្សារបស់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន៥០០នាក់
===========
នៅថ្ងៃចន្ទ-អង្គារ ៧រោច-៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងបានផ្តល់បាឋកថា ស្តីពី «តួនាទី និងភារកិច្ច របស់សាលាឧទ្ធរណ៍ភ្នំពេញ» ជូនដល់និស្សិត ជំនាញនីតិសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៥០០នាក់ ដែលមកបំពេញទស្សនកិច្ចសិក្សា​នៅសាលាឧទ្ធរណ៍ភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានមតិសំណេះសំណាល និងលើកឡើងអំពី​តម្លៃនៃសន្តិភាព ដោយគូសបញ្ជាក់ថា និស្សិតទាំងអស់​ដែលបានអង្គុយសិក្សា​រៀនសូត្រនាពេលនេះ គឺកើតចេញពីការ​ដែលប្រទេសជាតិមាន «សន្តិភាព» ពេញបរិបូរណ៍។ សន្តិភាពនេះហើយ គឺជាគ្រឹះដ៏រឹងមាំ និងសំខាន់បំផុត ដែល​បង្កលក្ខណៈសម្បត្តិ​ឱ្យយើងទាំងអស់គ្នា​មានឱកាស​សិក្សារៀនសូត្រ អភិវឌ្ឍសមត្ថភាពខ្លួន និងចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ។ សន្តិភាពដ៏មានតម្លៃនេះ មិនមែនកើតឡើងដោយ​ចៃដន្យនោះឡើយ ប៉ុន្តែវាជាផ្លែផ្កា​នៃការឆ្លងកាត់​ការលំបាក ការលះបង់ និងការបូជាសាច់ស្រស់​ឈាមស្រស់ ក្រោមការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិតរបស់ថ្នាក់ដឹកនាំជាតិ ជាពិសេសគឺ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលលោកបានប្តូរផ្តាច់​តស៊ូបញ្ចប់សង្គ្រាម និងនាំមកនូ​វសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងឱកាសនេះដែរ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានមានប្រសាសន៍ អំពីការកសាងប្រព័ន្ធតុលាការ ចាប់ពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន គឺផ្ដើមចេញពី​បាតដៃទទេ ហើយត្រូវបានរៀបចំ និងឆ្លងកាត់ការវិវត្ត​ជាបន្តបន្ទាប់ រហូតមានប្រព័ន្ធតុលាការ​ដូចសព្វថ្ងៃ (សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល) និងអំពី​ប្រវត្តិនៃការបង្កើតសាលាឧទ្ធរណ៍ រហូតដល់មានការបង្កើតសាលាឧទ្ធរណ៍តំបន់។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធាន ក៏បានលើកឡើងអំពី (១) ការកែទម្រង់វិស័យ​យុត្តិធម៌ ដែលជាចក្ខុវិស័យចម្បង និងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីអាណត្តិទី២ ក្រោមកិច្ចដឹកនាំដ៏​ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងត្រូវបានបន្តអនុវត្ត​យ៉ាងម៉ឺងម៉ាត់​មកដល់អាណត្តិទី៧នេះ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដើម្បីធានាដល់​ដំណើរការដ៏ល្អ នៃការជំនុំជម្រះរឿងក្ដីស្របតាម​គោលការណ៍​យុត្តិធម៌ នីតិរដ្ឋ និងការគោរពសិទ្ធិ សេរីភាពបុគ្គល​ដែលមានចែង​ក្នុងច្បាប់ និងបង្កើនជំនឿទុកចិត្តពី​សំណាក់ប្រជាពលរដ្ឋ​មកលើប្រព័ន្ធយុត្តិធម៌។ (២)យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដី រួមមានសំណុំរឿង​គ្រឿងញៀន សំណុំរឿងបទល្មើសចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា កាត់ក្តីឱ្យបានត្រឹមត្រូវ ឆាប់រហ័ស យុត្តិធម៌ ដោយគ្មានអំពើពុករលួយ។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានមានមតិផ្តាំផ្ញើ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានខ្ជាប់ខ្ជួន ដើម្បីកសាងសមត្ថភាពផ្ទាល់ខ្លួន ក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិនាពេលអនាគត។ ព្រមជាមួយគ្នានេះ និស្សិតទាំងអស់ ត្រូវមានគុណធម៌ សីលធម៌ សុជីវធម៌ និងប្រកបដោយសុចរិត និងស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងមានកាតព្វកិច្ចរួមគ្នាថែរក្សាសុខសន្តិភាពដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាននេះ​ ហើយដែលសន្តិភាពនេះរកបានដោយលំបាកបំផុតកន្លងមកនេះ។