នៅថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី "គោលការណ៍ឆាប់រហ័សនៃការជំនុំជម្រះរឿងក្ដី" កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងចៅក្រម នៃសាលាឧទ្ធរណ៍ភ្នំពេញ។
ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមប្រធាន បានជម្រុញឱ្យចៅក្រមសាលាឧទ្ធរណ៍ភ្នំពេញ យកចិត្តទុកដាក់ឱ្យបានខ្ពស់លើ៦ចំណុចដូចខាងក្រោម:
១-ការដាក់កម្មវិធីជំនុំជម្រះរឿងក្តី និងកំណត់កាលបរិច្ឆេទ
២-សំណុំរឿងបន្ទាន់ រួមានសំណុំរឿងមានជនជាប់ចោទក្នុងឃុំ និងដោះលែង, សំណុំរឿងមានជនជាប់ចោទ ឬ ជនរងគ្រោះ ជាអនីតិជន, សំណុំរឿងដែលមានបណ្តឹងឧទ្ធរណ៍ជនជាប់ចោទដែលផ្តន្ទាទោសរយៈពេលខ្លី, សំណុំរឿងដែលមានបណ្ដឹងឧទ្ធរណ៍ពីតំណាងអយ្យការប្រឆាំងនឹងសាលក្រមដែលសម្រេចឱ្យជនជាប់ចោទរួចខ្លួន។
៣-សំណុំរឿងអាទិភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន, ជួញដូរផ្លូវភេទ, សម្អាតប្រាក់, ពុករលួយ, បទល្មើសគយ ពន្ធដារ និងបទល្មើសទាក់ទងជាមួយសន្តិសុខសង្គម។
៤-ការចេញសេចក្តីសម្រេច ( ទម្រង់ និងការជូនដំណឹង)
៥-ការបញ្ជូនសំណុំរឿងបណ្តឹងសាទុក្ខ ទៅតុលាការកំពូល។
៦-ការគោរពក្រមសីលធម៌វិជ្ជាជីវៈ។
កិច្ចប្រជុំខាងលើ បានបញ្ចប់ដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។