ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា ផ្ញើសារ សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងប្រកបដោយមហាមង្គលដ៏ថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នាពេលខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយនូវ ព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ ជ័យមង្គល សិរីសួស្តី ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅប្រជានុរាស្រ្តទូទាំងប្រទេសជានិច្ចនិរន្តរ៍តរៀងទៅ។