សារលិខិតថ្វាយព្រះពរ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ​ បានផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្ស និងប្រកបដោយមហាមង្គលដ៏ថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ​ខ្មែរ ក្នុងគម្រប់ព្រះជន្ម ៨៥ព្រះវស្សា យាងចូល ៨៦ព្រះវស្សា។

ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ​ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំ​ថ្វាយនូវ​ ព្រះ​សព្ទសាធុការពរជ័យ​ បវរសួស្ដី​ សិរីមង្គល វិបុលសុខ​ មហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ក្នុងព្រះរាជពិធីអាយុវឌ្ឍនមង្គល ដ៏ឧត្តុង្គឧត្តមបំផុតនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ​ថ្វាយ​នូវកតញ្ញូ​កតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចព្រះមហាក្សត្រី ដែលព្រះអង្គតែងលះបង់​ព្រះកាយពល ព្រះបញ្ញាញាណ និង​ព្រះរាជទ្រព្យផ្ទាល់​ក្នុងព្រះរាជសកម្មភាព​ដ៏ឧត្តុងឧត្តម ​លើវិស័យ​ព្រះពុទ្ធសាសនា អប់រំសិក្សាធិការ​ សង្គមកិច្ច សុខមាលភាព​ ដើម្បីបុព្វហេតុជាតិ​មាតុភូមិ​ជាទីស្នេហា​ និងប្រជារាស្រ្តជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ។ ​សូមព្រះអង្គទ្រង់បានប្រកប​ដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា  ព្រះជន្មាយុយឺនយូរ​ជាងរយ​ព្រះ​វស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្រ្ត​ទូទាំងប្រទេស និងសមប្រកបដោយ​ព្រះពុទ្ធ​ពរដ៏ប្រសើរថ្លៃថ្លា​ទាំងបួនប្រការ​គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាព​តរៀងទៅ។