ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ "
នៅព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជាអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងមន្រ្តីនគរបាលយុត្តិធម៌ និងតុលាការ " នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយមានកាចូលរួមពី ឯកឧត្តម លោក ជា អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង ចៅក្រម ទីប្រឹក្សា និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមប្រធានសាលាដំបូង លោកជំទាវព្រះរាជអាជ្ញា និង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង លេខាធិការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ, ឯកឧត្តម លោក លោកស្រី ស្នងការ ស្នងការរង, មេបញ្ជាការ មេបញ្ជាការរង អធិការ និងលោក លោកស្រី ជាមន្រ្តីនៃមន្ទីរជំនាញជុំវិញខេត្ត ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ សរុបចំនួន៩៧នាក់។
 
ក្នុងកិច្ចប្រជុំនេះ, មានគោលបំណង
(១)ការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងស្ថាប័នតុលាការ-អយ្យការ ជាមួយមន្រ្តីនគរបាលយុត្តិធម៌។
(២)ការពង្រឹងតួនាទី ភារកិច្ច បេសកកម្មរបស់មន្រ្តីនគរបាលយុត្តិធម៌ក្នុងការបង្ក្រាបបទល្មើសនិងការកសាងសំណុំរឿងទៅតុលាការ។
(៣)ដោះស្រាយបញ្ហាប្រឈមនានាក្នុងការអនុវត្តនីតិវិធីច្បាប់។
 
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ បានមានប្រសាសន៍ថាយើងបានជួបជុំគ្នាក្នុងកិច្ចប្រជុំនេះបណ្តាលមកពី កត្តាសន្តិភាព និងស្ថានភាពកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងសម្តែងនូវការកោតសសើរជូនចំពោះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរតុលាការខេត្តកំពង់ស្ពឺទាំងអស់ដែលបានរួមសហការគ្នា អនុវត្តការងារបានល្អប្រសើរប្រកបដោយជោគជ័យជូនជាតិ និងប្រជាជន  ពិសេសប្រជាជនខេត្តកំពង់ស្ពឺទាំងមូលប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ 
 
ឯកឧត្តមប្រធានក៏បានលើកឡើងអំពីបទពិសោធន៍ក្នុងការអនុវត្តការងារកន្លងមក ទាំងខ្លឹមសារច្បាប់ ទាំងបច្ចេកទេស និងឥរិយាបថរបស់អ្នកអនុវត្តច្បាប់។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់ថា នគរបាលយុត្តិធម៌និងអាជ្ញាធរតុលាការ ជាស្ថាប័នជាតិដែលមានបន្ទុកទទួលខុសត្រូវវិស័យយុត្តិធម៌ និងការផ្តល់សេវាយុត្តិធម៌ឆាប់រហ័សជូនប្រជាពលរដ្ឋដោយផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ដើម្បីសម្រេចជោគជ័យ និងទទួលបានការគាំទ្រ ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើស្ថាប័នអនុវត្តច្បាប់ ក្នុងនាមជាអ្នកអនុវត្តច្បាប់ "យល់ត្រូវ អនុវត្តត្រូវ ជាប្រយោជន៍ដល់ភាគីនិងទទួលបានយុត្តិធម៌ បើយល់ខុស អនុវត្តខុស ភាគីទទួលបានអយុត្តិធម៌" ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានណែនាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យឲ្យបានហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ និងជៀសវាងកង្វះការចាត់ចែង ក្នុងពេលបំពេញកិច្ចរបស់ខ្លួន។ 
 
ក្នុងនោះដែរ ឯកឧត្តមអគ្គព្រះរាជអាជ្ញា បានមានប្រសាសន៍ ណែនាំដល់ អាជ្ញាធរតុលាការ និងមន្រ្តីនគរបាលយុត្តិធម៌ យកចិត្តទុកដាក់ខ្ពស់ជាមួយសំណុំរឿងអនីតិជន ដោយអនុវត្តឲ្យស្របតាមនីតិវិធីកុមារមេត្រីនិងស្របតាមច្បាប់ជាធរមាន ជាពិសេសយកចិត្តទុកដាក់ការបង្ក្រាបលើបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។
 
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន បានមានមតិផ្តាំផ្ញើ ៥ចំណុចដូចខាងក្រោម:
១-មន្ត្រីនគរបាលយុត្តិធម៌និងតុលាការត្រូវសហការគ្នាក្នុងភាពជាដៃគូដែលមិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធិភាពនៃការបង្ក្រាបបទល្មើសឲ្យទាន់សភាពការណ៍ជាក់ស្តែង។
២-ត្រូវពង្រឹងសមត្ថភាពក្នុងកិច្ចប្រតិបត្តិច្បាប់ដោយគោរព វិន័យ ក្រមសីលធម៌  ប្រកាន់យកសុគតិធម៌ទាំង៥ ជៀសវាងអគតិទាំង៤ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ ឲ្យស័ក្តិសមជាមន្ត្រីល្អ បម្រើរាស្ត្រដោយសុចរិត យុត្តិធម៌។
៣-ត្រូវពង្រឹងកិច្ចពិគ្រោះយោបល់គ្នា រវាងមន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការនិងតុលាការ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌។
៤-ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ ប្រកបដោយសាមគ្គីភាពនិងការទទួលខុសត្រូវខ្ពស់។
៥-ត្រូវលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគិតផលប្រយោជន៍ជាតិនិងប្រជាជនជាធំ និងត្រូវជៀសវាងមោទនភាពហួសហេតុ។