សាលាឧទ្ធរណ៍ភ្នំពេញ ជូនដំណឹងពីការប្ដូរទីតាំងអគារចេញពីក្នុងបរិវេណក្រសួងយុត្តិធម៌ ទៅកាន់សាលាយុត្តិធម៌ នៅតំបន់អភិវឌ្ឍន៍ OCIC

     នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានចេញសេចក្ដីជូនដំណឹងអំពីការប្ដូរទីតាំងអគារធ្វើការពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតក្នុងដីឡូតិ៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះតទៅ។

     ដើម្បីរៀបចំកន្លែងធ្វើការ និងសវនាការឱ្យបានល្អប្រសើរ សាលាឧទ្ធរណ៍ភ្នំពេញ សូមធ្វើការលើកពេលសវនាដែលបានគ្រោងទុក ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅពេលក្រោយ វៀរលែងតែសំណុំរឿងមួយចំនួន ដែលមានភាពចាំបាច់ស្របតាមលក្ខខណ្ឌច្បាប់ ដែលក្រុមប្រឹក្សាសម្រេចទៅតាមករណីនីមួយៗ ដោយគិតទាំងសិទ្ធិស្របច្បាប់របស់គូភាគី។