ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានដឹកនាំផ្សះផ្សាលើសំណុំរឿងរដ្ឋប្បវេណី
នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានដឹកនាំផ្សះផ្សាលើសំណុំរឿងរដ្ឋប្បវេណីលេខ១២៣ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក លី សុខលេង ចៅក្រមទទួលបន្ទុក លោកស្រី វ៉ា ដានីត ក្រឡាបញ្ជី លោក គួយ ធុនណា មេធាវីតំណាងដោយអាណត្តិឱ្យចុងចម្លើយ និងលោក ប៉ុល ដារ៉ូ មេធាវីតំណាងដោយអាណត្តិឱ្យសហដើមចោទ។
-កម្មវត្ថុបណ្ដឹង៖
១.បង្គាប់ឱ្យចុងចម្លើយ ធ្វើការប្រគល់អចលនវត្ថុផ្ទះលេខ ៤៧E1 ផ្លូវលេខ ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដូចដែលមាននៅក្នុងលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និង ប្រើប្រាស់ដីធ្លីលេខ ៦០២ ប.ជ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មកឱ្យសហដើមបណ្តឹង។ តាមពាក្យសុំ កែតម្រូវកម្មវត្ថុបណ្ដឹង ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ របស់សហដើមចោទទាមទារប្រាក់ដើមចំនួន ៤០,០០០ USD ពីចុងចម្លើយវិញ។
២.សុំទាមទារសំណងជម្ងឺចិត្ត និងការខាតបង់ពេលវេលា ព្រមទាំងសេវាផ្នែកច្បាប់ចំនួន ២០,០០០ USD (ម្ភៃពាន់ដុល្លារអាមេរិកគត់) ។
ក្រោយពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានផ្តល់អនុសាសន៍ដើម្បីសម្របសម្រួលរួចមក ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើការសងប្រាក់ចំនួន ៤០.០០០$ (បួនម៉ឺនដុល្លារអាមេរិក) ដើម្បីបញ្ចប់វិវាទនៅក្នុងសំណុំរឿងខាងលើនេះ។